ហេតុផលទាំងនេះ​ដែលអ្នកមិនគួរញ៉ាំរបស់ផ្អែមៗ ពេលយប់!

គ្នាយើងភាគច្រើនចូលចិត្ដញ៉ាំរបស់ផ្អែមពេលយប់មានដឹងពីគុណវិបត្ដិរបស់វាអត់? ពិសេសអ្នកមានទម្លាប់ក្រោយញ៉ាំអាហារពេលល្ងាចហើយ តែងតែឃ្លានភេសជ្ជៈផ្អែមៗ យ៉ាងហោចក៏បានមួយកែវដែរ ​មុនចូលគេង។ពិតណាស់ថា ការញ៉ាំរបស់ផ្អែមពេលយប់ប្រសិនកើតឡើងម្ដងម្កាល អាច១សប្ដាហ៍តិចជាង ៣ដងវាមិនមែនជាបញ្ហានោះទេ ប៉ុន្ដែប្រសិនបើកើតឡើងញឹកញាប់ពេកវាអាចប៉ះពាល់ដល់សុខភាពយើង។ ដូច្នេះខាងក្រោមនេះជា មូលហេតុមួយចំនួនដែលអ្នកមានទម្លាប់ញ៉ាំរបស់ផ្អែមគួរកាត់បន្ថយ៖ការញ៉ាំរបស់ផ្អែមពេលយប់ មានដូចជា សូកូឡា ភេសជ្ជៈ នំធ្វើពីម្សៅក្រេម ពោលពពួកអាហារកែច្នៃរួមផ្សំនឹងជាតិស្ករ គឺអាចបង្កការរំខានដល់ការគេង ដូចជាគេងមិនលក់ និង គេងលក់មិនតែមិនស្កប់ស្កល់ជាដើម។ តាមការសិក្សាបានបង្ហាញថា ការញ៉ាំជាតិផ្អែមពេលយប់ច្រើន នឹងបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង ពេលនោះលំពែងប្រឹងបញ្ចេញអ៊ាំងស៊ុយក៏ច្រើនដែរ ដើម្បីគ្រប់គ្រងជាតិស្ករទាំងនោះ។ ការណ៍នេះអាចបណ្ដាលឲ្យរំខានដល់ការគេងរបស់យើង មិនស្កប់ស្កល់ ឬគេងមិនលក់។ការញ៉ាំភេសជ្ជៈ ឬរបស់ផ្អែមមានកម្រិតជាតិស្ករខ្ពស់នៅពេលយប់ អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង។ ក្នុងករណីនេះ​សម្រាប់អ្នកដែលមាន បញ្ហាប្រឈមបម្រុងកើតជំងឺទឹកនោមផ្អែមប្រភេទ២ គឺជាកត្ដាគ្រោះថ្នាក់បំផុត។ អ្នកមានបញ្ហាបម្រុងកើតជំងឹទឹកនោមផ្អែមប្រភេទ២ សរីរាង្គលំពែងរបស់គាត់ ចាប់ផ្ដើមមានបញ្ហាក្នុងការផលិតអាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករ វាអាចនឹងថយចុះ ឬ ស៊ាំនឹងអាំងស៊ុយលីន ដូច្នេះក្នុងករណីនេះប្រសិនបើអាំងស៊ុយមិនអាចធ្វើការបានល្អទេនោះ ជាតិស្ករក្នុងឈាមនឹងមានការកើនឡើង ហើយអាចវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២យ៉ាងឆាប់រហ័ស។បន្ថែមពីលើនេះទៅទៀត បើតាមការសិក្សាក្នុងឆ្នាំ២០១៤ បង្ហាញឲ្យដឹងថា ការញ៉ាំអាហារឬ ភេសជ្ជៈគ្រឿងកំប៉ុងច្រើនពេលយប់ ក៏ប្រឈមនឹងការកើនឡើងគីឡូផងដែរ។ ប៉ុន្ដែសម្រាប់ជាតិស្ករដែលទទួលបានពីការញ៉ាំផ្លែឈើ ជាតិស្ករធម្មជាតិ គឺមិនបណ្ដាលឲ្យប៉ះពាល់សុខភាពនោះទេ​។ការញ៉ាំរបស់ផ្អែមៗ​មានជាតិស្ករខ្ពស់ ធ្វើឲ្យបាក់តេរីនៅក្នុងមាត់បង្កើតបានជាស្រទាប់ស្តើងនៅជាប់លើធ្មេញ។ បាក់តេរីទាំងនេះមានប្រតិកម្មជាមួយនឹងជាតិស្ករដែលមានក្នុងអាហារ និងភេសជ្ជៈ។ ប្រតិកម្ម​នេះ​បង្ក​ឱ្យ​មានការ​បញ្ចេញ​អាស៊ីត​ដែល​បំផ្លាញ​ធ្មេញ​។ថ្វីបដ្បិតនេះជាករណីដែលអាចកើតឡើងក្នុងរយៈពេលយូរ ប៉ុន្ដែជាក់ស្ដែងណាស់​វាក៏មានភាគរយកើតឡើងដែរ ប្រសិនជាយើងមិនបានការពារ។ ដូច្នេះការកំណត់បរិមាណរបបអាហារមានកម្រិតជាតិស្ករទាប គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព ហើយអាចទុកចិត្តបានក្នុងការការពារការពុកធ្មេញ។ជារួម គ្រប់ប្រភេទអាហារដែលាមានកម្រិតជាតិស្ករខ្ពស់ មិនថាជា​ភេសជ្ជៈ ឬអាហារសម្រន់ក៏ដោយ យើងគួរតែកាត់បន្ថយឲ្យបានលឿនដើម្បីសុខភាពយើងល្អប្រសើរ។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet