លេចចេញតម្លៃ ទូរសព្ទស្ដេចកាមេរ៉ា Google Pixel 7 និង Pixel 7 Pro មុនថ្ងៃប្រកាសបង្ហាញ

បរទេស៖ តម្លៃរបស់ទូរសព្ទ Pixel 7 និង 7 Pro ឥឡូវនេះត្រូវបានលេចធ្លាយ ចេញពីអ្នកលក់រាយនៅក្នុងសហរដ្ឋអាមេរិក ហើយវាមិនមានការផ្លាស់ប្ដូរ ពីស្មាតហ្វូនកាលពីឆ្នាំមុនទេ។ យោងតាម លោក Artem Russakovskii នៅលើបណ្ដាញសង្គម Twitter បានឲ្យដឹងថា ប្រព័ន្ធខាងក្នុងរបស់ហាង Target បានចុះបញ្ជីរួចហើយ នូវទូរសព្ទរបស់ Google ដែលនឹងមកដល់នាពេលខាងមុខនេះ។ ម៉ូឌែល Pixel 7 នឹងមកជាមួយជម្រើសពណ៌ដូចជា Snow (ស), Obsidian (ខ្មៅ), និង Lemongrass (បៃតង) ដោយចាប់ផ្ដើមពីតម្លៃ $599 ដែលគេសន្មត់ថាជាម៉ូឌែល 128GB។ ទន្ទឹមនឹងនេះដែរ Pixel 7 Pro មកជាមួយពណ៌ Obsidian, Snow, និង Hazel (បៃតង) ចាប់ផ្ដើមពីតម្លៃ $899។ តម្លៃគឺមិនខុសពីឆ្នាំមុន ដែលស័ក្ដិសមសម្រាប់ទូរសព្ទដែលមានរូបរាងដូចគ្នា ហើយមិនមានផ្នែកខាងក្នុងខុសគ្នាខ្លាំង។ យោងតាមពាក្យចចាមអារ៉ាមផ្សេងៗទៀតបានឲ្យដឹងថា កាលបរិច្ឆេទចាប់ផ្ដើមនៃការបើកកម្ម៉ង់ទុកមុន គឺនៅថ្ងៃព្រហស្បតិ៍ ទី6 ខែតុលា ដែលនៅថ្ងៃតែមួយជាមួយនឹងព្រឹត្តិការប្រកាសបង្ហាញ Made by Google ហើយកាលបរិច្ឆេទដាក់លក់បច្ចុប្បន្ន នៅតែស្ថិតនៅក្នុងបញ្ជី ថ្ងៃទី13 ខែតុលា៕ ប្រភព: 9to5Google