ក្រុមហ៊ុន Nothing ទើបបង្ហើបឲ្យដឹងថា ផលិតផលថ្មីរបស់ខ្លួន គឺពាក់ព័ន្ធនឹងកាសឥតខ្សែ

បរទេស៖ ក្រុមហ៊ុន Nothing កំពុងរៀបចំ ដើម្បីបញ្ចេញកាសស្ដាប់ត្រចៀកឥតខ្សែ ឈុតទី2របស់ខ្លួន។ ក្រុមហ៊ុននេះចាប់ផ្ដើមបញ្ចេញរូប teaser កាស Ear (stick) ជាមួយនឹងរូបភាពប្រអប់សាកថ្មរាងស៊ីឡាំង។ លក្ខណៈលម្អិតរបស់វាគឺនៅមានតិចតួចនៅឡើយ ទោះជាយ៉ាងណាវាជាផលិតផលថ្មីទាំងស្រុង ជាមួយនឹងកាសថ្មី និងប្រអប់សាកថ្មី។ ក្រុមហ៊ុន Nothing ក៏បាននិយាយថា កាសនេះនឹងមានការចនា ergonomic ដែលមានទម្ងន់ស្រាលដូចស្លាបសត្វ ដែលសមស្របទៅនឹងត្រចៀក។ រូបភាពលេចធ្លាយនៃកាសជំនាន់ក្រោយរបស់ Nothing បង្ហាញថា ពួកវានឹងមានការចនាស្រដៀងទៅនឹងកាស Ear (1) ដំបូងរបស់ក្រុមហ៊ុន។ ចំពោះប្រអប់សាកថ្មថ្មី ក្រុមហ៊ុន Nothing និយាយថា វាត្រូវបានបំផុសគំនិតពីរូបរាងគ្រឿងសំអាង ដែលងាយស្រួលដាក់ចូលទៅក្នុងហោប៉ៅរបស់អ្នកប្រើប្រាស់។ កាសស្ដាប់ត្រចៀក Ear (stick) គ្រោងនឹងមកដល់នៅចុងឆ្នាំនេះ។ គេរំពឹងថា ក្រុមហ៊ុន Nothing អាចនឹងទម្លាក់ព័ត៌មានបន្ថែម អំពីផលិតផលនេះ នៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ៕ ប្រភព: Engadget