ទូរសព្ទ Xiaomi Civi 2 ត្រៀមចេញពេលខាងមុខ នឹងមានរន្ធទម្លុះអេក្រង់ ដូច Dynamic Island របស់ iPhone

ចិន៖ ទូរសព្ទ Xiaomi Civi 2 គ្រោងនឹងបញ្ចេញនៅថ្ងៃទី27 ខែកញ្ញា។ មុនថ្ងៃមកដល់ ក្រុមហ៊ុន Xiaomi កំពុងតែបង្ហាញរូបភាព teaser នៃស្មាតហ្វូននេះ ហើយឥឡូវនេះបានបញ្ជាក់ពីការរចនារបស់វា ដោយ Civi 2 មើលទៅជាស្មាតហ្វូនដំបូងគេ ដែលមានរន្ធទម្លុះអេក្រង់រាងទ្រវែង ដូចនឹង iPhone 14 Pro ដែរ។ Civi 2 នឹងបង្ហាញខ្លួនជាលើកដំបូង ជាមួយនឹងរន្ធរាងទ្រវែង ជាជាងរន្ធមូល។ វាមិនមែនជាឧបករណ៍ Android ដំបូងគេ ដែលដាក់រន្ធទម្លុះអេក្រង់រាងទ្រវែងទេ ព្រោះថាទូរសព្ទ Galaxy S10+ មានលក្ខណៈពិសេសមួយនេះ តាំងពីឆ្នាំ2019។ មិនដូចស្មាតហ្វូនរបស់ Samsung ទេ រន្ធទម្លុះអេក្រង់រាងទ្រវែងថ្មីនេះ គឺស្ថិតនៅចំកណ្ដាល ដែលជាការបំផុសគំនិតពី iPhone 14 Pro និង iPhone 14 Pro Max ថ្មីរបស់ Apple។ នៅក្នុងរន្ធរាងទ្រវែងរបស់ Civi 2 នឹងមានផ្ទុកកាមេរ៉ា 32MP ចំនួនពីរ ដោយមួយជាកាមេរ៉ាសែហ្វីគោល និងមួយទៀតជាឡេនទូលាយ។ ស៊េរី Civi របស់ Xiaomi បានបង្ហាញខ្លួនជាលើកដំបូង កាលពីឆ្នាំមុន ក្នុងនាមជាសែស្រឡាយដែលផ្ដោតលើការរចនា និងដំណើការកាមេរ៉ា ហើយមើលទៅនឹងបន្តជាមួយនឹង Civi 2 ផងដែរ។ បន្ថែមពីលើកាមេរ៉ាសែហ្វីចំនួនពីរ ទូរសព្ទលំដាប់កណ្ដាលមួយនេះ នឹងមានសេនស័រកាមេរ៉ា IMX766 ទំហំ50MP នៅពីខាងក្រោយ។ វាមើលទៅមានកាមេរ៉ាខាងក្រោយចំនួនបី ដូច្នេះកាមេរ៉ាទីពីរអាចត្រូវបានគេរំពឹងថា ជាឡេនទូលាយ និងទីបីទំនងជាឡេនម៉ាក្រូ៕
ប្រភព: Notebookcheck