រូបភាពពន្លឺក្រហមអាំងប្រា របស់ James Webb មើលឃើញយ៉ាងច្បាស់ នូវកងរង្វង់របស់ភពណិបទូន

បរទេស៖ រូបភាពថ្មីដែលបានចេញផ្សាយ កាលពីថ្ងៃពុធ ពីតេឡេទស្សន៍អវកាស James Webb របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងបង្ហាញភពណិបទូន និងកងរង្វង់ដែលពិបាកនឹងមើលឃើញ។ បន្ថែមពីកងរង្វង់ទាំងនេះ រូបភាពពី Webb បង្ហាញពីក្រុមធូលីតូចៗរបស់ភពណិបទូន។ កងរង្វង់មួយចំនួនមិនត្រូវបានគេសង្កេតទេ ចាប់តាំងពីយាន Voyager 2 របស់ NASA ថតបាននូវភស្ដុតាងដំបូង អំពីវត្តមាននៃកងរង្វង់របស់ភពណិបទូន ក្នុងអំឡុងពេលហោះកាត់របស់វា ក្នុងឆ្នាំ១៩៨៩។ នៅក្នុងរូបភាពថ្មី ភពណិបទូនមើលទៅមានពណ៌ស ខុសពីរូបរាងពណ៌ខៀវធម្មតា ដែលកាលពីមុន គេធ្លាប់តែថតវា នៅក្នុងជំហានរលកនៃពន្លឺដែលអាចមើលឃើញ។ នេះគឺដោយសារតែឧស្ម័នមេតាន ដែលជាផ្នែកគីមីផ្សំរបស់ភពនេះ ទើបមិនមើលឃើញពណ៌ខៀវ នៅក្នុងកាមេរ៉ាក្រហមអាំងប្រា Near-Infrared Camera (NIRCam) របស់តេឡេទស្សន៍ Webb។ បន្ថែមពីនេះ ក្នុងរូបភាពថ្មីនេះគេអាចមើលឃើញពពកទឹកកកមេតាន ដែលជាស្នាមឆ្នូតភ្លឺនិងចំណុចចាំងពន្លឺព្រះអាទិត្យ មុនពេលវាត្រូវបានស្រូបយកដោយឧស្ម័នមេតាន។ Webb ក៏ថតចាប់បានព្រះចន្ទចំនួន៧ ក្នុងចំណោម១៤របស់ភពណិបទូន រួមទាំងព្រះចន្ទដែលធំជាងគេ គឺ Triton។ ដោយស្ថិតនៅចម្ងាយ៣០ដងពីព្រះអាទិត្យ ជាងផែនដី ភពណិបទូនធ្វើដំណើរតាមគន្លងព្រះអាទិត្យ នៅក្នុងតំបន់ឆ្ងាយនិងងងឹត។ ការចេញផ្សាយព័ត៌មានបាននិយាយថា ព្រះអាទិត្យមានទំហំតូចនិងពន្លឺខ្សោយទៅកាន់ណិបទូន ដែលពេលថ្ងៃត្រង់នៅលើភពនេះ គឺស្រដៀងនឹងពន្លឺពេលអស្ដង្គត នៅលើផែនដី៕
ប្រភព: CNN