ទោះកើតគីសទឹកក្រពេញអូវែក៏អាចមានកូនបាន បើចេះគន្លឹះទាំង ៤នេះ!

គីស​ទឹក​ក្រពេញ​អូវែ អាច​បណ្ដាល​ឲ្យ​ស្រី​ៗ​យើង​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ ដូចជា​មក​រដូវ​មិន​ទៀង ឡើង​ទម្ងន់ និង​មិន​អាច​មាន​កូន​បាន។ យ៉ាង​ណា​មិញ ទោះ​​ជា​យើង​កើត​បញ្ហា​សុខភាព​មួយ​នេះ​ក៏​ដោយ​​ ក៏​នៅ​តែ​អាច​មាន​កូន​បាន​ ប្រសិនបើ​យើង​ចេះ​វិធី​គ្រប់គ្រង​រោគសញ្ញា​ឲ្យ​បាន​ល្អ​។ជា​ទូទៅ ស្រី​ៗ​ដែល​កើត​គីស​ទឹក​ក្រពេញ​អូវែ តែង​ប្រឈម​នឹង​បញ្ហា​ភាព​ធន់​នឹង​អាំងស៊ុយលីន ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​កម្រិត​អាំងស៊ុយលីន​កើន​ឡើង ដែល​​​ធ្វើ​ឲ្យ​​យើង​ពិបាក​ក្នុង​ការ​មាន​កូន។ ដើម្បី​គ្រប់គ្រង​​បញ្ហា​នេះ គ្រូពេទ្យ​អាច​ផ្ដល់​ជា​ប្រភេទ​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ ដើម្បី​កាត់បន្ថយ​​ជាតិ​ស្ករ និង​កាបូអ៊ីដ្រាត​ចម្រាញ់​ពី​របប​អាហារ ក៏​ដូចជា​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ពពួក​ប្រូតេអ៊ីន​ និង​ខ្លាញ់​សុខភាព ​ឲ្យ​បាន​គ្រប់គ្រាន់។​អ័រម៉ូន​ដែល​មាន​តុល្យភាព​ និង​ក្រពេញ​អាដ្រេណាល់ ​មាន​សារៈសំខាន់​​ណាស់​សម្រាប់​ការ​មាន​កូន ប៉ុន្តែ​​អ័រម៉ូន​ស្រ្តេស​អាច​​បង្ក​ផល​ប៉ះពាល់​ដល់​អ័រម៉ូន​ទាំង​អស់​នៅ​ក្នុង​រាងកាយ​។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​កាត់បន្ថយ​ស្រ្តេស​ ដោយ​​ការ​ហាត់​យូហ្គា ធ្វើ​សមាធិ និង​ចូលរួម​សកម្មភាព​បែប​សប្បាយ​ៗ ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​របស់​យើង​ប្រសើរ​ឡើង។​​ពិត​ណាស់​ ស្រី​ៗ​​ដែល​កើត​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ច្រើន​តែ​មក​រដូវ​មិន​ទៀង ហេតុ​នេះ​​ ការ​តាមដាន​វដ្ដ​រដូវ​ជា​រៀងរាល់​ខែ​ គឺ​ជា​រឿង​ចាំបាច់​មួយ​។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ស្វែង​រក​តេស្ត​​មេ​ជីវិត​ញី​នៅ​តាម​ឱសថស្ថាន​នានា​ ដើម្បី​ដឹង​ថា​ពេល​ណា​ដែល​យើង​ធ្លាក់​មេ​ជីវិត​ញី និង​​មាន​ឱកាស​មាន​ផ្ទៃពោះ​ខ្ពស់។ ប្រសិនបើ​លទ្ធផល​តេស្ត​វិជ្ជមាន យើង​នឹង​ធ្លាក់​មេ​ជីវិត​ញី​ក្នុង​រយៈពេល​១ថ្ងៃ​ទៅ​២​ថ្ងៃ ហើយ​ការ​រួម​ភេទ​នៅ​ក្នុង​អំឡុង​ពេល​៣​ថ្ងៃ​​ ក្រោយ​ធ្វើ​តេស្ត​រួច អាច​បង្កើន​ឱកាស​ខ្ពស់​ក្នុង​ការ​មាន​កូន។​​ជាមួយ​គ្នា​នេះ​ដែរ ស្រី​ៗ​ដែល​កើត​គីស​ទឹក​ក្រពេញ​អូវែ ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​​​ ដោយ​បញ្ចូល​បន្លែ និង​ផ្លែ​ឈើ​ទៅ​ក្នុង​របប​អាហារ​ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម បញ្ឈប់​ការ​ជក់​បារី កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​ និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ជួយ​ឲ្យ​ការ​ព្យាយាម​យក​កូន​​ឆាប់​ទទួល​បាន​​ជោគជ័យ។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet