ទីបំផុត Google បានបញ្ជាក់ ពីថ្ងៃបញ្ជាទិញទុកមុន នៃទូរសព្ទ Pixel 7 Pro ហើយ

បរទេស៖ យើងស្ថិតនៅប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ ពីព្រឹត្តិការណ៍សម្ពោធ Made by Google ដែលគ្រោងនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី6 ខែតុលា។ មុនព្រឹត្តិការណ៍ខែតុលា Google ក៏បានបង្ហាញឲ្យឃើញជាមុន នូវឧបករណ៍មួយចំនួនដូចជា ទូរសព្ទ Pixel 7, Pixel 7 Pro, និងនាឡិកាឆ្លាត Pixel Watch របស់ខ្លួន។ ឥឡូវនេះ នៅក្នុងវីដេអូផ្សព្វផ្សាយថ្មី នៅលើ YouTube ក្រុមហ៊ុននេះបានប្រាប់ឲ្យដឹង នៅពេលណាដែល Pixel 7 Pro មានសម្រាប់ការកម្ម៉ង់ទុកមុន។ នៅក្នុងវីដេអូ គេឃើញមានសមាជិកមកពីសហគមន៍ Team Pixel ដែលកំពុងពិនិត្យមើលទូរសព្ទ Pixel 7 Pro ជាលើកដំបូង។ អ្វីដែលចម្លែកនោះគឺថា ឧបករណ៍នេះត្រូវបានបិទបាំងស្ទើរតែគ្រប់ពេល។ ប្រសិនបើស្មាតហ្វូននេះគឺជារឿងសម្ងាត់ មិនទាន់មានគេដឹង នោះវានឹងសមហេតុផលខ្លះ ប៉ុន្តែ Google បានបើកបង្ហាញឲ្យឃើញ នូវរូបរាងរបស់ស្មាតហ្វូននេះជាមុន តាំងពីអំឡុងពេលព្រឹត្តិការណ៍ Google I/O ក្នុងខែឧសភា ហើយរូបភាពរបស់ទូរសព្ទនេះក៏មាននៅលើវេបសាយផ្លូវការរបស់ Google ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកដ៏សំខាន់បំផុតនៃវីដេអូនេះ គឺស្ថិតនៅខាងចុង នៅពេលដែល Google បានចែករំលែកព័ត៌មាន សម្រាប់ការបញ្ជាទិញទុកមុន នៅថ្ងៃទី6 ខែតុលា។ ទោះបីជាលក្ខណៈសម្បត្តិពេញលេញរបស់ឧបករណ៍នេះ មិនត្រូវបានគេដឹងក៏ដោយ គេបានត្រឹមតែដឹងថា ទូរសព្ទ Pixel 7 នឹងត្រូវបានបំពាក់ដោយឈីប Tensor G2 ថ្មីរបស់ Google៕
ការបញ្ជាទិញទុកមុន នឹងចាប់ផ្ដើមពីថ្ងៃទី6 ខែតុលា
ប្រភព: XDA Developers