Apple បំពេញចិត្តហ្វេន ផ្លាស់ប្ដូរការរចនាភាគរយថ្មឡើងវិញ នៅលើកំណែ iOS 16.1 beta 2

បរទេស៖ ជាមួយនឹងការបញ្ចេញ iOS 16.1 beta 2 នៅថ្ងៃនេះ សម្រាប់ developers ក្រុមហ៊ុន Apple បានផ្លាស់ប្ដូរការរចនាសម្រាប់ភាគរយថ្ម នៅរបាខាងលើ។ រូបតំណាងថ្មផ្ទាល់នឹងលែងបង្ហាញពេញទៀតហើយ នៅពេលភាគរយតិចជាង 100%។ ជំនួសមកវិញ រូបតំណាងថ្មនឹងផ្លាស់ប្ដូរតាមពេលវេលា ដោយផ្អែកលើការសាកថ្មរបស់អ្នក។ រូបតំណាងថ្មមានភាពចម្រូងចម្រាស ចាប់តាំងពីវាបានបន្ថែមនៅចុងកំណែ iOS 16 beta នៅក្នុងដំណើរការធ្វើតេស្ដ។ អ្នកប្រើប្រាស់ជាច្រើនបានរិះគន់ការរចនាបែបនេះ ដោយសារតែវានឹងបង្ហាញរូបតំណាងថ្មពេញ ជាមួយភាគរយនៅពីខាងក្នុង។ ជាមួយនឹងកំណែ iOS 16.1 beta 2 រូបតំណាងថ្មលែងបង្ហាញពេញទៀតហើយ ប្រសិនបើវាមិនដល់ 100%។ ជំនួសមកវិញ ការរចនានឹងកែតម្រូវដោយផ្អែកលើកម្រិតសាកថ្មឥឡូវ។ លេខភាគរយនៅក្នុងរូបតំណាងថ្មនោះ គឺនៅដូចពីមុនដដែល។ ការរចនាថ្មីនេះក៏បានមកជាមួយ font ដិតជាងមុន។ នៅពេល iPhone របស់អ្នកកំពុងសាកថ្ម រូបតំណាងផ្លេកបន្ទោរនឹងលែងលេចចេញឡើង នៅពេលដែលអ្នកសាកពេញ 100%។ បច្ចុប្បន្ន iOS 16.1 beta 2 មានសម្រាប់ developers ហើយគេរំពឹងថា នឹងមានការបញ្ចេញទៅកាន់អ្នកធ្វើតេស្ដបេតាជាសាធារណៈ ក្នុងពេលឆាប់ៗនេះ៕
រូបតំណាងថ្មលែងបង្ហាញពេញ ដូចមុនទៀតហើយ
ប្រភព: 9to5Mac