មកដឹងលក្ខណៈសម្បត្តិមួយចំនួន ដែលគេគិតថា នឹងមាននៅលើ iPhone 15 Ultra ឆ្នាំក្រោយ

បរទេស៖ ស៊េរី iPhone 14 ទើបតែចេញលក់ កាលពីចុងសប្ដាហ៍មុនសោះ ស្រាប់តែឥឡូវវាហាក់ដូចជាលឿនពេក ក្នុងការលេចឮពាក្យចចាមអារ៉ាម អំពី iPhone 15។ ប្រភពពី LeaksApplePro បានចេញផ្សាយ ពីការព្យាករណ៍មួយចំនួន។ គ្រប់ម៉ូឌែល iPhone 15 ត្រូវបានគេរំពឹងថា នឹងឈប់ប្រើរន្ធ Lightning ដោយជំនួសមកវិញដោយរន្ធ USB-C។ ប្រហែលជាមានការផ្លាស់ប្ដូរមួយចំនួន នៅក្នុងសែស្រឡាយម៉ូឌែល "Pro Max" ដែលប្រហែលជាប្ដូរឈ្មោះទៅជា "Ultra"។ ការថតវីដេអូកម្រិត 8K គឺជាលទ្ធភាពមួយដែរ ទោះបីជាវាអាចទៅរួច ដែលថា iPhone 15 Pro នឹងគាំទ្រវាផងដែរ។ អ្នកវិភាគ លោក Ming-Chi Kuo បាននិយាយថា ម៉ូឌែល Ultra នឹងមានឡេន periscope ផ្តាច់មុខ (6x ឬ 5x)។ បន្ថែមពីនេះ Ultra នឹងមានថាមពលថ្មកាន់តែប្រសើរជាងមុន 3-4ម៉ោង។ ជាមួយនឹងការអាប់ដេតផ្ដាច់មុខទាំងអស់នេះ iPhone 15 Ultra ត្រូវបានគេរំពឹងថា នឹងឡើងថ្លៃ បើប្រៀបធៀបទៅនឹង iPhone 14 Pro Max ដែលអាចចាប់ផ្ដើមពីតម្លៃ $1,200។ សម្រាប់ម៉ូឌែលផ្សេងៗទៀត នឹងមានលក្ខណៈដូចគ្នាមួយចំនួន ដែលម៉ូឌែលទាំងអស់ត្រូវបានគេរំពឹងថា នឹងមាន Dynamic Island ដែរ។ យ៉ាងណាមិញ ម៉ូឌែលចំនួនពីរនឹងនៅតែប្រើប្រាស់កម្រិតឈីប ខុសគ្នារវាងពីរម៉ូឌែលផ្សេងទៀត ដោយម៉ូឌែល Pro និង Ultra នឹងប្ដូរទៅប្រើឈីប Apple A17 ថ្មី ខណៈ iPhone 15 ធម្មតា និង 15 Plus នឹងទំនងជាប្រើឈីប A16 បច្ចុប្បន្ន។ មានការរំពឹងទុកមួយចំនួនដែលថា ផ្នែក hardware របស់ FaceID អាចនឹងស្ថិតនៅក្រោមអេក្រង់ ដោយបន្សល់ទុកតែរន្ធកាមេរ៉ាមូលតែមួយប៉ុណ្ណោះ ប៉ុន្តែវានៅមានរយៈពេលជាច្រើនខែនៃការអភិវឌ្ឍន៍ មុនពេលច្បាស់ការថា បច្ចេកវិទ្យាបែបនេះអាចដំណើរការបាន ឬប្រសិនបើវាត្រូវរង់ចាំនៅឆ្នាំក្រោយៗ។ វាឆាប់ពេកក្នុងការប្រាប់ថា តើម៉ូឌែលធម្មតានិង Plus នឹងមានល្បឿន refresh rate ខ្ពស់នៅលើអេក្រង់ និងមុខងារ Always On ដែរឬទេ (ប៉ុន្តែជាថ្មីម្ដងទៀត ពួកវានៅមានរយៈពេលមួយឆ្នាំទៀត ក្នុងការប្រកាសបង្ហាញ)៕
រូបតំណាង (iPhone 14 Pro និង Pro Max)
ប្រភព: GSMArena