គេរំពឹងថា គ្រប់ម៉ូឌែល iPhone 15 ទាំងអស់នៅឆ្នាំក្រោយ សុទ្ធតែមាន Dynamic Island

បរទេស៖ ក្រុមហ៊ុន Apple គ្រោងនឹងដាក់បន្ថែម Dynamic Island ទៅកាន់ iPhone 15 ទាំងបួនម៉ូឌែល ដែលចេញនៅឆ្នាំក្រោយ នេះបើយោងតាមអ្នកវិភាគឧស្សាហកម្មអេក្រង់ ដែលមានភាពត្រឹមត្រូវជាញឹកញាប់ នោះគឺលោក Ross Young។ បច្ចុប្បន្ន មុខងារផ្ដាច់មុខនេះមានសម្រាប់តែ iPhone 14 Pro និង iPhone 14 Pro Max ប៉ុណ្ណោះ។ នៅលើបណ្ដាញសង្គម Twitter លោក Young បាននិយាយថា គាត់រំពឹងថា Dynamic Island នឹងមាននៅលើម៉ូឌែល iPhone 15 ធម្មតា នៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ គាត់នៅតែមិនរំពឹងថា ម៉ូឌែល iPhone 15 ធម្មតា នឹងបំពាក់ដោយអេក្រង់ LTPO នោះទេ ដោយបង្ហាញថា ឧបករណ៍នេះនៅបន្តមិនគាំទ្រ ProMotion និងជម្រើសមុខងារ always-on display ដូចជាម៉ូឌែល Pro ឡើយ។ Dynamic Island គឺជាទីតាំងមុខងារនៅលើអេក្រង់ដែលមានរាងទ្រវែង សម្រាប់ផ្ទុកសេនស័រ Face ID និងកាមេរ៉ាខាងមុខ នៅលើម៉ូឌែល iPhone 14 Pro។ មុខងារនេះអាចបង្ហាញដាស់ត្រឿនប្រព័ន្ធ សម្រាប់អ្វីៗដូចជាការហៅចូល និងការផ្ទៀងផ្ទាត់ Face ID  ហើយវាក៏នឹងដំណើរការជាមួយ Live Activities ជាមួយកម្មវិធីខាងក្រៅផ្សេងៗទៀត នៅពេល iOS 16.1 ត្រូវបានបញ្ចេញនៅចុងឆ្នាំនេះ៕
រន្ធទម្លុះអេក្រង់ Dynamic Island
ប្រភព: MacRumors