មិនចង់ឲ្យធាត់ជ្រុលពេលពពោះ អាចសាកគន្លឹះងាយៗទាំង ៥នេះ!

អំឡុង​ពេល​ពពោះ ​ការ​ថែទាំ​​សុខភាព​​ផ្លូវ​កាយ​​ និង​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ ​មាន​សារៈសំខាន់​ណាស់​សម្រាប់​​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ ហើយ​ការ​ថែទាំ​រូបរាង​ឲ្យ​នៅ​សមសួន និង​រឹងមាំ អាច​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះស្បើយ​ក្រោយ​សម្រាល​ កាត់បន្ថយ​ការ​ឈឺចាប់​ និង​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ថែម​ទៀត​ផង។គន្លឹះ​ទាំង​៥ ជួយ​ឲ្យ​រាងកាយ​​សមសួន​ មិន​ធាត់​ជ្រុល​អំឡុង​ពេល​ពពោះអំឡុង​ពេល​ពពោះ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ពីព្រោះ​ទឹក​​ផ្ដល់​គុណប្រយោជន៍​ដ៏​ល្អ​ដល់​ការ​លូតលាស់​របស់​ទារក។ បន្ថែម​ពី​នេះ ទឹក​ក៏​​ជួយ​ក្នុង​ការ​បង្កើត​ថង់​ទឹក​ភ្លោះ និង​សុក ដែល​មាន​តួនាទី​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​កូន។ ម៉ាក់​ៗ​អាច​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ឆាប់​រហ័ស ប្រសិនបើ​ប្រឈម​នឹង​អាការៈ​ចាញ់​កូន ឬ​បែក​ញើស​ញឹកញាប់ ដូច្នេះ​ហើយ​​ម៉ាក់​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​៨ ទៅ​១២​កែវ​ជា​​រៀង​រាល់​ថ្ងៃ។​​ទោះ​ជា​យើង​មាន​អារម្មណ៍​ថា​ហត់នឿយ ឬ​មិន​សប្បាយ​ចិត្ត​ក៏​ដោយ​ ប៉ុន្តែ​​យើង​មិន​​គួរ​រំលង​ការ​ហាត់ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​ឡើយ។ ជាក់​ស្ដែង ការ​ធ្វើ​ចលនា​កាន់​តែ​ច្រើន​ អាច​ជួយ​​កម្ចាត់​បញ្ហា​ហត់នឿយ​ អស់​កម្លាំង​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ការ​ដើរ​ហាត់ប្រាណ​​​រយៈពេល​២០​នាទី ឬ​ហាត់​យូហ្គា​រយៈពេល​ខ្លី ក៏​អាច​ជួយ​ឲ្យ​យើង​មាន​សុខភាព​រឹងមាំ​ដូច​គ្នា។ ពិត​ណាស់​ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​អំឡុង​ពេល​ពពោះ ក៏​អាច​​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ ព្រម​ទាំង​ជួយ​កាត់បន្ថយ​ស្រ្តេស​ផង​ដែរ។ការ​ជៀសវាង​ញ៉ាំ​ជាតិ​ស្ករ​ អាច​ជា​រឿង​ពិបាក​មួយ ជា​ពិសេស​នៅ​​អំឡុង​ពេល​ពពោះ​តែ​ម្ដង។ យ៉ាង​ណា​មិញ ទស្សនាវដ្ដី​អាមេរិក​នៃ​ឱសថ​បង្ការ​បាន​រាយការណ៍​ថា ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​សមត្ថភាព​យល់​ដឹង​របស់​កុមារ ដូចជា​ភាព​វៃ​ឆ្លាត និង​ការ​ចងចាំ​។ដូចនេះ ម៉ាក់​គួរ​ញ៉ាំ​​​ផ្លែឈើ​ ដើម្បី​ជំនួស​ឲ្យ​ស្ករ​សូកូឡា ឬ​ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ​ផ្សេង​ៗ​ ទើប​ជា​ការ​ប្រសើរ។​​​​ការ​ចំណាយ​ពេល​ត្រឹមតែ​១៥​ ទៅ​២០​នាទី​ជា​រៀង​រាល់​ថ្ងៃ ក្នុង​ការ​ធ្វើ​សមាធិ​ ​​អាច​ជួយ​បន្ធូរ​អារម្មណ៍​ដល់​​ទាំង​ម៉ាក់​ និង​កូន​នៅ​ក្នុង​ផ្ទៃ​ ពីព្រោះ​​សមាធិ​អាច​កាត់បន្ថយ​ស្រ្តេស​ ជួយ​​ឲ្យ​គេង​លក់​ស្រួល និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បាក់​ទឹក​ចិត្ត ក្រោយ​ពេល​សម្រាល​កូន​រួច។ជាមួយ​គ្នា​នេះ​ដែរ អំឡុង​ពេល​ពពោះ ម៉ាក់​ និង​កូន​ក្នុង​ផ្ទៃ​គួរ​ញ៉ាំ​អាហារ​សុខភាព​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ផ្ដល់​សារធាតុ​ចិញ្ចឹម​​ល្អ​ៗ​ដែល​រាងកាយ​ត្រូវការ។ បន្លែ​ស្លឹក​បៃតង និង​អាហារ​ដែល​ផ្សំ​ពី​ទឹក​ដោះ​គោ​ អាច​ជួយ​ផ្ដល់​ជាតិ​កាល់ស្យូម​ ស្រប​ពេល​ដែល​ប៉ាស្តា បាយ និង​នំប៉័ង​​ជា​​ប្រភព​នៃ​សារធាតុ​ហ្វូឡេត។ បន្ថែម​ពី​នេះ ម៉ាក់​ក៏​អាច​បំពេញ​ជាតិ​ដែក​ដល់​រាងកាយ​ តាម​រយៈ​ការ​ញ៉ាំ​ស៊ុត សណ្ដែក និង​ត្រី​សាម៉ុន។ម៉ាក់​ៗ​មួយ​ចំនួន​ តែង​គិត​ថា​ការ​ធាត់​ជ្រុល​អំឡុង​ពេល​ពពោះ ជា​រឿង​ធម្មតាប៉ុណ្ណោះ ទើប​​មិន​ចាប់អារម្មណ៍​ថែទាំ​រូបរាងកាយ​​ឲ្យ​​បាន​ល្អ​។ ប៉ុន្តែ ម៉ាក់​ដឹង​អត់​ថា​ នៅ​ពេល​ដែល​យើង​មាន​រាងកាយ​សមសួន និង​រឹងមាំ នោះ​យើង​នឹង​អាច​ឆាប់​ជា​សះស្បើយ​ក្រោយ​សម្រាល​ កាត់​បន្ថយ​ការ​ឈឺចាប់​ និង​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ថែម​ទៀត​ផង​។ ដូច្នេះហើយ ដើម្បី​ថែទាំ​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ស្រី្ត​ពពោះ​គួរ​អនុវត្តន៍​គន្លឹះ​មួយ​ចំនួន​ រួម​មាន​៖ រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ធ្វើចលនា ឬហាត់ប្រាណ​ជា​ទៀងទាត់ ជៀសវាង​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល និង​ធ្វើ​សមាធិ ក៏​ដូចជា​ញ៉ាំ​អាហារ​សុខភាព​ឲ្យ​បាន​គ្រប់គ្រាន់។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet