គ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចប៉ះពាល់ផ្លូវចិត្តយ៉ាងម៉េចខ្លះ?

បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ អាច​បង្ក​ផល​ប៉ះពាល់​រយៈពេល​យូរ ហើយ​មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ជំងឺ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​គ្រួសារ និង​សាច់ញាតិ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ដែរ។ ​តើ​បញ្ហា​សុខភាព​មួយ​នេះ អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​យ៉ាង​ម៉េច​ខ្លះ?ពិត​ណាស់​ កង្វះ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ អាច​បណ្ដាល​ឲ្យ​អ្នកជំងឺ​ពិការ​ខួរ​ក្បាល​មួយ​ចំហៀង​។ យ៉ាង​ណា​មិញ អាកប្បកិរិយា​ចម្លែក​ៗ​ក្រោយ​ជួប​​បញ្ហា​គ្រោះថ្នាក់​សរសៃ​​ឈាម​ខួរ​ក្បាល​​អាច​កើត​មាន​ឡើង ដូចជា​ឆេវឆាវ និង​ឆាប់​ខឹង ឬ​មាន​អាកប្បកិរិយា​ដូច​កូន​ក្មេង។​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ​បណ្ដាល​មក​ពី​ការ​ស្ទះ ឬ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ដែល​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ចាំបាច់​សម្រាប់​ខួរ​ក្បាល​ ដោយ​មិន​អាច​​បញ្ជូន​សញ្ញា​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​​។ កត្តា​នេះ​ហើយ​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកប្បកិរិយា​ក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។​​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​​ធ្លាប់​តែ​មាន​សុខភាព​ល្អ ក្លាយ​ទៅ​ជា​អសមត្ថភាព​ និង​ត្រូវ​ពឹងផ្អែក​លើ​អ្នក​ដទៃ​ទាំង​ស្រុង។ ការ​ផ្លាស់ប្ដូរ​​អវិជ្ជមាន​មួយ​នេះ​ហើយ​ ធ្វើ​ឲ្យ​អ្នក​ជំងឺ​​ប្រឈម​នឹង​បញ្ហា​ស្រ្តេស និង​វិបត្តិ​ផ្លូវ​ចិត្ត ដែល​ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ថែទាំ​ឲ្យ​បាន​ដិតដល់​ពី​សមាជិក​ក្នុង​គ្រួសារ​។ក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ អ្នក​ជំងឺ​អាច​នឹង​ជួប​បញ្ហា​អាកប្បកិរិយា​ ដោយ​សារតែ​កត្តា​រួម​ជា​ច្រើន​ ដូចជា​ស្ត្រេស និង​ការ​បាក់​ទឹក​ចិត្ត​ជា​ដើម។ ម្យ៉ាង​វិញ​ទៀត​ នៅ​ពេល​ដែល​​អ្នក​ជំងឺ​អសមត្ថភាព​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដោយ​ខ្លួន​ឯង នោះ​​នឹង​មាន​អារម្មណ៍​តប់ប្រម៉ល់​ ឆេវឆាវ ក៏ដូចជា​ឆាប់​ខឹង​ច្រើន ដែល​បញ្ហានេះចាំបាច់​ត្រូវ​ធ្វើការ​កំណត់ឲ្យបានច្បាស់​ ព្រមទាំងស្វែងរកការ​ព្យាបាល​ដោយ​ប្រើថ្នាំ ឬការ​ព្យាបាលខាង​ផ្លូវចិត្ត។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet