ចូលចិត្តញ៉ាំដំឡូងមី? នេះជាអត្ថប្រយោជន៍គ្រប់គ្នាគួរដឹង!

ដំឡូងមី គឺជាអាហារមួយប្រភេទ មិនត្រឹមតែអាចញ៉ាំជំនួសបាយបានម្ដងម្កាលនោះទេ ថែមទាំងបាន​លាក់នូវសារធាតុចិញ្ចឹមយ៉ាងច្រើន ដែលយើងមិននឹកស្មានដល់។ សារធាតុសំខាន់ៗទាំងនោះមាន ប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត ជាតិសរសៃ វីតាមីនចម្រុះ ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ទង់ដែង។ សារធាតុសំខាន់ទាំងនេះ គឺជាចំណីដែល​រាងកាយត្រូវការជាចំាបាច់ប្រើការចាំថ្ងៃ។ដំឡូងមី ក៏មានមុខងាពិសេសជួយ ពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ព្រោះក្នុងបរិមាណដំឡូងមី១០០ក្រាម មានផ្ទុក កាបូអ៊ីដ្រាត ៤០ក្រាម ជាតិសរសៃ ២ក្រាម ខ្លាញ់ល្អ ៣ក្រាម ដែលសមាសធាតុចិញ្ចឹមសំខាន់ទាំងនេះ មានមុខងារ​ជួយជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើការល្អ។អត្ថប្រយោជន៍ដំឡូងមី មិនខុសគ្នានឹងដំឡូងដទៃនោះទេ ព្រោះមានកម្រិតប៉ូតាស្យូមខ្ពស់។ ក្នុងបរិមាណដំឡូងមី ១០០ក្រាម មានផ្ទុកប៉ូតាស្យូម ២៩០ មិល្លីក្រាម ស្មើនឹង១៦%នៃតម្លៃប្រើប្រាស់ រាងកាយប្រចាំថ្ងៃ។ កម្រិតប៉ូតាស្យូមខ្ពស់អាចជួយ រក្សាតុល្យភាព សម្ពាធឈាមបានល្អ ពិសេសការប្រែប្រួលសម្ពាធឈាម ដោយការញ៉ាំអាហារដែលមានកម្រិតសូដ្យូមខ្ពស់ គឺជាហេតុបង្កការលើសឈាមបានតែម្ដង។ថ្វីដ្បិតតែដំឡូងមីមានកម្រិតកាឡូរីខ្ពស់ដល់ទៅ ១៦០កាល់ឡូរី​ ក្នុងបរិមាណ ១០០ក្រាម ធ្វើឲ្យគ្រប់គ្នាយល់ថាជាកត្ដាប្រឈម​​ធ្វើឲ្យយើងងាយឡើងគីឡូ ប៉ុន្ដែមិនដូច្នោះទេព្រោះដំឡូងមីមានជាតិសរសៃ និងសារធាតុម្សៅធន់ ជាចំណុច​ល្អជួយពង្រឹងដល់ ពពួកបាក់តេរីល្អក្នុងពោះវៀនតូច។ តាមការសិក្សាបានបង្ហាញថា ជាតិសរសៃ នៅក្នុង​របបអាហារ អាចធ្វើឲ្យអ្នកញ៉ាំ ឆ្អែតបានយូរ និងកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមបានល្អ។ ដូច្នេះជាមូលហេតុអ្នក​ញ៉ាំដំឡូងមីបានបន្ដិចបន្ដូចតែមានអារម្មណ៍ឆាប់ឆ្អែត ហើយបានយូរ។របបអាហារដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំគឺពពួកប្រូតេអ៊ីន និង វិតាមីន C ។ ជាក់ស្ដែងណាស់ សមាសធាតុសំខាន់ទាំងពីរ​នេះ ក៏មាននៅក្នុងដំឡូងមីផងដែរ។ ក្នុងបរិមាណដំឡូងមី ១០០ក្រាម មានវីតាមីន C ២០% នៃបរិមាណតម្រូវការប្រចាំថ្ងៃ។ការសិក្សាបង្ហាញថាយើងមិនអាចញ៉ាំដំឡូងមីឆៅច្រើននោះទេ ព្រោះអាចពុល បង្កគ្រោះថ្នាក់ និង ប៉ះពាល់ដល់សុខភាព។ ដំឡូងមីឆៅមានផ្ទុកសារធាតុគីមី Cyanogenic Glycosides ដែលអាចបញ្ចេញសារធាតុ Cyanide នៅក្នុងខ្លួន។ សារធាតុពុល ប្រភេទនេះ អាចបង្កឲ្យចុះខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត និងសរសៃប្រសាទ។ បន្ថែមពីនេះទៀត ដំឡូងមី មុននឹងច្នៃជា អាហារ ឬយកទៅស្ងោរ ចាំបាច់ ត្រូវបកសំបកឲ្យបានស្អាត និងយកទៅត្រាំទឹកឲ្យបានយ៉ាងហោច ៤៨ម៉ោងដើម្បីកាត់បន្ថយសារធាតុគីមីពុលនោះបានច្រើន។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet