កំពុងមានជំងឺ​លើសសម្ពាធឈាម? ដឹងអត់ប៉ូតាស្យូមជួយអ្វីបានខ្លះ?

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលអំពីគុណប្រយោជន៍របបអាហារមានកម្រិតប៉ូតាស្យូមខ្ពស់ គឺ​គេ​រក​ឃើញ​ថា​អាចកាត់​បន្ថយ​គ្រោះថ្នាក់ពី​ការលើសសម្ពាធឈាម ពិសេសសម្រាប់ស្ដ្រីដែលនិយមហូបអាហារ​ប្រៃ។ អាហារសម្បូរ​ជាតិ​ប៉ូតាស្យូម​មានដូចជា ផ្លែប៊ឺ ចេក ដំឡូង និងត្រីសាម៉ុនជាដើម។លទ្ធផលនៃការញ៉ាំប្រៃ អាចប្រឈមនឹងជំងឺលើសសម្ពាធឈាម ក៏ជាហេតុបង្កជាជំងឺដទៃទៀត ដូចជា ជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺពុកឆ្អឹងផងដែរ។ លោកសាស្ដ្រាចារ្យ Liffert Vogt នៃសាកលវិទ្យាល័យវេជ្ជសាស្ដ្រ Amsterdam បានដឹកនាំការសិក្សាមួយរកឃើញថា ការញ៉ាំប្រៃប្រឈមនឹងការកើតជំងឺលើសសម្ពាធឈាម និង ប៉ះពាល់ដល់សរសៃឈាមបេះដូង។ដូច្នេះដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះបាន គឺត្រូវកាត់បន្ថយការញ៉ាំប្រៃ ឬវិធីមួយទៀតត្រូវញ៉ាំរបបអាហារដែលមានកម្រិតប៉ូតាស្យូមខ្ពស់ ព្រោះសមាសធាតុប៉ូតាស្យូមអាចជួយជំរុញ រាងកាយបញ្ចេញ​ជាតិសូដ្យូមចេញតាមទឹកនោមបានច្រើន។ការសិក្សានេះធ្វើឡើង មានបេក្ខជនចូលរួម ២៤ ៩៦៣នាក់ ស្រី១៣ ៦៩៦ អាយុចន្លោះ ពី ៤៧ ដល់ ៧៥ឆ្នាំ ដោយឆ្លងកាត់ធ្វើតេស្ដេលើសម្ពាធឈាម ទឹកនោម និង សំណួរអំពីជីវភាពរស់នៅប្រចាំថ្ងៃ។ អ្នកចូលរួមត្រូវបែងចែកជាក្រុម អ្នកញ៉ាំអាហារកម្រិត អំបិលទាប មធ្យម និងខ្ពស់ ជាមួយអាហារកម្រិតប៉ូតាស្យូម ទាប មធ្យម និង ខ្ពស់ដូចគ្នា។ ឆ្លងកាត់ការពិសោធន៍រយៈពេលជាង ១០ឆ្នាំ លទ្ធផលបង្ហាញ​ថា​ មានមនុស្ស​ចំនួន ១៣ ៥៩៦ នាក់ (៥៨%) បានស្លាប់ និងសម្រាកនៅមន្ទីពេទ្យ ដោយសារជំងឺសរសៃឈាមបេះដូង។អ្នកស្រាវជ្រាវបានវិភាគលើលទ្ធផលទំនាក់ទំនង រវាងការញ៉ាំអាហារប៉ូតាស្យូម និង អាហារប្រៃ ដោយ​លទ្ធផលបង្ហាញ ស្ដ្រីដែលញ៉ាំប៉ូតាស្យូមខ្ពស់ អាចថយចុះសម្ពាធឈាម ហើយ​បើបន្ថយកម្រិតប៉ូតាស្យូមទាបនោះសម្ពាធឈាមក៏​កើនឡើង។ ការពិសោធន៍នេះ ចំពោះបុរសៗគឺគ្មានប្រសិទ្ធភាពដូចស្ដ្រីនោះទេ ហើយលទ្ធផលបង្ហាញ ស្ដ្រីដែលញ៉ាំអាហារកម្រិត​ប៉ូតាស្យូមខ្ពស់ អាចសង្គ្រោះជីវិតពីគ្រោះថ្នាក់ ជំងឺលើសសម្ពាធឈាមបង្កឡើងដោយការញ៉ាំប្រៃបានដល់១៣%។លោកសាស្ដ្រាចារ្យបានបន្ថែមទៀតថា ប៉ូតាស្យូមជួយការពារបេះដូង ប៉ុន្ដែប្រសិទ្ធភាពល្អ​ចំពោះស្ដ្រីជាងបុរស។ ទំនាក់ទំនងរវាងប៉ូតាស្យូមនឹងបេះដូង គឺសំខាន់ខ្លាំងណាស់ បើទោះបីញ៉ាំអាហារមានជាតិប្រៃ​ក៏មិនអាច​ប៉ះពាល់ដល់បេះដូងនោះដែរ។ ជារួមវិធីកាន់តែល្អ គួរតែកាត់បន្ថយ របបអាហារមានជាតិអំបិល ហើយបង្កើនការញ៉ាំអាហារដែលមានកម្រិតប៉ូតាស្យូមឲ្យបានច្រើនដើម្បីសុខភាព។តាមការណែរនាំរបស់អង្គការសុខភាពពិភពលោកមនុស្សពេញវ័យ ត្រូវញ៉ាំប៉ូតាស្យូមយ៉ាងតិច ៣,៥ ក្រាម និង សូដ្យូម តិចជាង ២ ក្រាម ក្នុងមួយថ្ងៃ។ ឧទាហរណ៍ ចេកទម្ងន់​ ១១៥ ក្រាម មានប៉ូតាស្យូម ៣៧៥ មិលី្លក្រាម ត្រីសាម៉ុន ១៥៤ ក្រាម មានប៉ូតាស្យូម​ ៧៨០ មិល្លីក្រាម ដំឡូង ១៣៦ ក្រាម មានប៉ូតាស្យូម ៥០០ មិល្លីក្រាម និងទឹកដោះគោ ១ ពែងមានប៉ូតាស្យូម​ ៣៧៥ មិល្លីក្រាម។  ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet