ស្លូវ៉ាគី៖ រថយន្តហោះមួយដែលមានសមត្ថភាពបើកបរក្នុងល្បឿនលើសពី ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង
និងហោះនៅកម្ពស់លើសពី២,៥០០ម៉ែត្រ
ត្រូវបានចេញវិញ្ញាបនប័ត្របញ្ជាក់ពីសុវត្ថិភាពក្នុងការហោះហើរ ដោយអាជ្ញាធរដឹកជញ្ជូនសាធារណរដ្ឋស្លូវ៉ាគី។ឡានកូនកាត់យន្តហោះ AirCar នេះត្រូវបានបំពាក់ដោយម៉ាស៊ីន BMW មួយ និងដំណើរការដោយម៉ាស៊ីនបូមសាំងធម្មតា។ វាត្រូវការចំណាយពេល២នាទីនិង១៥វិនាទី
ដើម្បីបំប្លែងខ្លួនពីរថយន្តទៅជាយន្តហោះ។ ក្រុមហ៊ុនបាននិយាយថា
វិញ្ញាបនប័ត្រនេះត្រូវបានអនុវត្តតាមការធ្វើតេស្ដហោះហើរ រយៈពេល៧០ម៉ោង
និងហោះឡើងនិងចុះចតជាង២០០ដង។ លោកសាស្ត្រាចារ្យ Stefan Klein
ដែលជាអ្នកបង្កើតឡានមួយនេះបាននិយាយថា៖ «វិញ្ញាបនប័ត្របញ្ជាក់របស់ AirCar បើកទ្វារសម្រាប់ការផលិតទ្រង់ទ្រាយធំ នៃរថយន្តហោះដ៏មានប្រសិទ្ធភាព។
វាផ្លូវការហើយ និងជាការបញ្ជាក់ចុងក្រោយនៃសមត្ថភាពរបស់យើង ក្នុងការផ្លាស់ប្ដូរការធ្វើដំណើរចម្ងាយមធ្យមជារៀងរហូត»។
គួរបញ្ជាក់ផងដែរថា នៅក្នុងខែមិថុនា
រថយន្តហោះនេះត្រូវបានបញ្ចប់ការហោះហើររយៈពេល៣៥នាទី រវាងអាកាសយានដ្ឋានអន្តរជាតិ
ក្នុងទីក្រុង Nitra និង Bratislava ប្រទេសស្លូវ៉ាគី៕


ប្រភព: BBC