បរទេស៖ ភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនី Rivian បានកើនឡើង កាលពីថ្ងៃពុធ ដោយបានបង្កើនតម្លៃទីផ្សាររបស់ក្រុមហ៊ុនដល់១០០ពាន់លានដុល្លារ។
ភាគហ៊ុន Rivian បានកើនឡើង៣០ភាគរយ នៅថ្ងៃដំបូងនៃការជួញដូរ។
នោះបានធ្វើឲ្យក្រុមហ៊ុននេះ ដែលកំពុងអភិវឌ្ឍរថយន្តអគ្គិសនីតូចៗដឹកទំនិញ ភីកអាប់ និង
SUV ក្លាយជាក្រុមហ៊ុនផលិតរថយន្តមានតម្លៃបំផុតទីពីរ
នៅសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុន Tesla។ ប៉ុន្តែ Rivian
ទើបតែចាប់ផ្ដើមចែកចាយរថយន្តភីកអាប់អគ្គិសនីដំបូងរបស់ខ្លួន
ដល់អតិថិជន នៅក្នុងខែកញ្ញា។ អាជីវកម្មនេះដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា
បានធ្វើឲ្យខាតបង់ប្រាក់ជាង២ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ កាលពីថ្ងៃអង្គារ
ក្រុមហ៊ុននេះទទួលបានប្រាក់ជាង១១.៩ពាន់លានដុល្លារ
ពីវិនិយោគិនដែលបានទិញភាគហ៊ុនតម្លៃ៧៨ដុល្លារក្នុងមួយហ៊ុន
លើសពីកម្រិតដែលក្រុមហ៊ុនបានរំពឹងទុក។ ក្រុមហ៊ុន Rivian ត្រូវបានគេប្រៀបធៀបទៅនឹងក្រុមហ៊ុន
Tesla របស់លោក Elon Musk ដែលបានផ្លាស់ប្ដូរទីផ្សារសម្រាប់រថយន្តអគ្គិសនី។
ក្រុមហ៊ុននេះបានយកឈ្នះគូប្រជែង រួមមាន Ford និង General Motors ក្នុងការរចនានិងផលិតរថយន្តកាំមីញ៉ុងភីកអាប់ ហើយគ្រោងនឹងចាប់ផ្ដើមដាក់លក់រថយន្ត
SUV របស់ខ្លួន នៅក្នុងខែធ្នូ និងរថយន្តតូចៗដឹកជញ្ជូនអីវ៉ាន់
នៅឆ្នាំ២០២៣៕
រថយន្តរបស់ក្រុមហ៊ុន Rivianប្រភព: BBC